មេព្រៃស្ងាត់អោយឈឹង? បទល្មើសឈើរាប់សិបម៉ែត្រគូបមិនបង្ក្រាប ទាល់តែសមត្តកិច្ចអូសទៅបង្ក្រាបអញ្ចឹងបានសមនឹងស្បែក

S.A TVHD
0
មេព្រៃស្ងាត់អោយឈឹង? យូរឆ្នាំហើយ!ទាល់តែអូសទៅបង្ក្រាបអញ្ចឹងបានសមនឹងស្បែក ទីតាំងស្តុបឈើនិងអារឈើល្មើសច្បាប់ចំនួន២ កន្លែង នៅចំកណ្តាលក្រុងសៀមរាប ល្បីថាជាឆ្នាំងស៊ុប របស់មេព្រៃខ្លះ ត្រូវសមត្តកិច្ចនគរបាលអូសមេព្រៃទៅសហការបង្ក្រាបបានចំនួនជាង២០ម៉ែត្រ គូប!
        ផ្សាយចេញពីរាជធានីភ្នំពេញ៖ ត្រូវនឹងថ្ងៃទី ០៦ ខែមករាឆ្នាំ ២០២៥ ខេត្តសៀមរាប ៖ ប្រភពពីខេត្តសៀមរាបអោយដឹងនៅរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥នេះថា៖ 

ដោយមានការយកចិត្តទុកដាក់ជម្រុញ ណែនាំ អោយប៉ូលីសសេដ្ឋកិច្ច តាមដានស៊ើបអង្កេត រកនូវបទល្មើសទាំងឡាយ ពីសំណាក់លោកឧត្តមសេនីយ៍ទោ ហ៊ួត សុធី ស្នងការនគរបាលខេត្តសៀមរាប 

 - ដោយមានការសម្របសម្រួលពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលា ដំបូងខេត្តសៀមរាប 

- នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥នេះ លោកវរសេនីយ៍ឯកនួន សារ៉ុន ស្នងការរង ទទួលការងារការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនគរបាលខេត្ត បានសហការជាមួយនឹងលោក អ៊ឹង វុទ្ធារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើព្រះដាក់ ស្រុកបន្ទាយស្រី ដឹកនាំកម្លាំងចុះទៅបង្ក្រាបទីតាំងស្តុកឈើល្មើសច្បាប់ល្បីល្បាញចំនួន០២ទីតាំង«ជាទីតាំងស្តុកឈើនិងលក់ចែកចាយឈើល្មើសច្បាប់បានដោយសេរី ក្បាលដុះស្លែដូចត្រីអណ្តែងងាំង មិនធ្លាប់មានការបង្ក្រាបសោះតាំងពីបុព្វេមក។ 

ប្រភពបញ្ចាក់ថា៖ ក្នុងបេសកកម្មនោះកម្លាំងនគរបាលដែលអមដោយការសហការពីមេព្រៃខេត្ត ប៉ុស្តិ៍ព្រះដាក់ បានរកឃើញទីតាំងចំនួន២កន្លែង ដែលធ្លាប់តែរកស៊ីឈើល្មើសច្បាប់យ៉ាងសុខសាន្ត តែមេព្រៃមិនខ្ចីបង្ក្រាបសោះ នៅចំកណ្តាលក្រុងសៀមរាប ក្បែរគ្រាប់ភ្នែកមេព្រៃយ៉ាងប្រទាក់ តែបែរជាមើលមិនឃើញ។ នៅក្នុងខណៈ នោះ សមត្ថកិច្ចរកឃើញឈើល្មើសច្បាប់ជាង២០ម៉ែត្រគូប កាលពីព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥នេះ។ ជនល្មើស និងវត្ថុតាងរឹបអូសមាន៖ 

ទី០១. ម្ចាស់ទីតាំងមានឈ្មោះ នួន ជុន ភេទប្រុស អាយុ ៣៥ឆ្នាំ សញ្ជាតិខ្មែរ ជាទីតាំងស្ថិតនៅ ភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ ទីតាំងទី០១ សមត្ថកិច្ចបានរកឃើញ និងដកហូតវត្ថុតាងមាន ម៉ាស៊ីនរ៉ៃបញ្ឈរចំនួន ០១គ្រឿង ផ្លែរណាចំនួន០១ខ្សែ រថយន្តម៉ាក KIA ចំណុះ១តោនកន្លះ ស្លាកលេខភ្នំពេញ 2.S 3164មួយគ្រឿង.ដុំកាមេរ៉ាសុវត្តិភាពចំនួន០១។
ទី០២. ស្ថិតនៅភូមិខ្នា សង្កាត់ជ្រាវក្រុង.ខេត្តសៀមរាប មានម្ចាស់ឈ្មោះ វិន សុហេង ភេទប្រុស អាយុ១៩ឆ្នាំ សញ្ជាតិខ្មែរ មានទីតាំងស្ថិតនៅភូមិខ្នា សង្កាត់ជ្រាវក្រុង.ខេត្តសៀមមានស្តុកឈើ សរុបចំនួន៦១ម៉ែត្រគូប ក្នុងនោះរកឃើញឈើល្មើសច្បាប់មានចំនួន២២.០៥ម៉ែត្រគុប។ វត្ថុតាងរួមមានដូចខាងលើ ទាំងឈើល្មើសច្បាប់ផងនោះត្រូវបានកម្លាំងជំនាញដកហូត ដឹកយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើព្រះដាក់ ស្រុកបន្ទាយស្រី និងបន្តចាត់ការ ទៅតាមនិតិវិធីច្បាប់។ 

ករណីកម្លាំងសមត្ថកិច្ចចុះបង្ក្រាបទីតាំងស្តុកឈើល្មើសច្បាប់នេះ ត្រូវប្រជាពលរដ្ឋ សាទរយ៉ាងខ្លាំង។ កន្លងមកប្រជាពលរដ្ឋរស់នៅជិតទីតាំងស្តុកឈើ រួមទាំងមណ្ឌលអង្គការកុមារកំព្រាមួយ ដែលមានរបងជាប់ជាមួយផងនោះ បានរអ៊ូរទាំអំពីការរំខាន ដោយសម្លេងម៉ាស៊ីនអារឈើ សម្លេងមនុស្សសម្លេងឡានយីឌុប ដែលចូលដឹកឈើ និងទម្លាក់ឈើនៅពេលយប់ៗ បានបង្កអោយពួកគាត់កំពុងដេកលក់ភ្ញាក់ មិនអាចដេកបានវិញឡើយ។ 

ប្រភពបញ្ជាក់ថា៖ ម្ចាស់ទីតាំងស្តុកឈើទាំងពីរទីតាំងនេះ មានឥទ្ធិពលខ្លាំងណាស់ ទំនងជាមានមន្ត្រីថោកទាបណាម្នាក់ពួនការពារ រៀបចំបង្អែករឹងមាំណាស់ ទើបគេឃើញតែមេព្រៃក្រវ៉ែលដូចកប៉ាល់ហោះយកការណ៍ តែមិនចូលទេ ទោះជាដឹកឈើល្មើសច្បាប់ពីបណ្តាស្រុក និងខេត្តដទៃ ទំលាក់ឈើចេញពីរលើរថយន្តរាល់យប់ក៏មិនដែលមកត្រួតពិនិត្យដែរ អញ្ចឹងហើយបានជាមានឈើស្តុកពេញៗទីតាំង មានឈើចូលអារមិនដែលដាច់។ ហើយនៅពេលលើកឈើឡើងរថយន្ត បញ្ចេញខ្ញៀវខ្ញារ ម៉ាស៊ីនអារលាន់ទ្រហឹងសឹងតែរាល់យប់ ក៏គ្មានសមត្ថកិច្ចមូលដ្ឋានឯណាចុះមកណែនាំ ឬចាត់ការបែបណាឡើយ ឃើញតែពេលជួបមុខគ្នា ញញឹមយ៉ាងមានន័យជ្រៅដាក់គ្នាទៅវិញទៅមក បានឃើញសមត្ថកិច្ចនគរបាល អូសមេព្រៃមកបង្ក្រាបដូច្នេះពួកគាត់បានសាទរ និងអរគុណដល់សមត្ថកិច្ចដែលបានចំណាត់ការ ទៅលើទីតាំងស្តុកឈើដុះស្លែខាងលើនេះ៕
ផ្សាយនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ 
ផ្សាយដោយ៖ នាគ.២៤

Post a Comment

0Comments

Post a Comment (0)

#buttons=(Accept !) #days=(20)

Our website uses cookies to enhance your experience. Check Now
Accept !