រដ្ឋមន្ត្រីក្រសួងព័ត៌មាន ព្រមានដកអាជ្ញាប័ណ្ណចំពោះអង្គភាពព័ត៌មាន

S.A TVHD
0
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ព្រមានដកអាជ្ញាប័ណ្ណចំពោះអង្គភាពព័ត៌មានដែលផ្សាយកិច្ចសម្ភាសន៍ជាមួយជនមិនគ្រប់កាយសម្បទា
        អង្គភាពសារព័ត៌មានអនឡាញ ដែលធ្វើសកម្មភាពផ្សាយកិច្ចសម្ភាសន៍ជាមួយជនសតិមិនប្រក្រតី បុគ្គលស្រវឹង និងបែកថ្នាំ នឹងត្រូវដកអាជ្ញាប័ណ្ណ បញ្ចប់អាជីពជាអ្នកសារព័ត៌មាន ។ នេះបើតាមប្រសាសន៍របស់ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥របស់ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ ២០២៥ ។ 

ក្នុងឱកាសនោះឯកឧត្ដម នេត្រ ភក្ត្រា បានមានប្រសាសន៍ថា បច្ចុប្បន្នឃើញមានអង្គភាពសារព័ត៌មានអនឡាញមួយចំនួន ចូលចិត្តផ្សាយផ្ទាល់ សម្ភាសន៍ជាមួយជនសតិមិនប្រក្រតី បុគ្គលស្រវឹង និងបែកថ្នាំ ដែលហាក់ដូចជាយកអាជីពជាអ្នកសារព័ត៌មាន មកធ្វើជារឿងលេងសើច កំប្លុកកំប្លែង ទាក់ទាញចំណាប់អារម្មណ៍របស់អ្នកទស្សនា ។ 

ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសង្កត់ធ្ងន់ថា សកម្មភាពរបស់អ្នកសារព័ត៌មានបែបនេះ បានជះឥទ្ធិពលមិនល្អដល់វិជ្ជាជីវៈអ្នកសារព័ត៌មាន រំលោភសិទ្ធ និងភាពថ្លៃថ្នូររបស់បុគ្គល ព្រមទាំងធ្វើឱ្យមហាជនបាត់បង់ជំនឿលើ ប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានទាំងមូលផងដែរ ។ 

ឯកឧត្ដម បានបញ្ជាក់ថា ដូច្នេះរាល់សកម្មភាពខាងលើ នឹងមិនត្រូវឱ្យបន្តមានទៀតបាននោះទេសម្រាប់អ្នកសារព័ត៌មាន ជាពិសេសអ្នកសារព័ត៌មានក្នុងអង្គភាពអនឡាញមួយចំនួន ។ ដូចនេះ ត្រូវតែដកអាជ្ញាប័ណ្ណ បញ្ចប់អាជីពរបស់ពួកគាត់ ដើម្បីរក្សាភាពថ្លៃថ្នូរ និងពង្រឹងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ៕
ផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ 
ផ្សាយដោយ៖ នាគ.២៤

Post a Comment

0Comments

Post a Comment (0)

#buttons=(Accept !) #days=(20)

Our website uses cookies to enhance your experience. Check Now
Accept !